ទឹកប្រាក់​ជាង​៦​សែន​ដុល្លារ ជួយ​ពង្រឹង​សមត្ថភាព​សហគម​ន៍​នេសាទ​បឹង​ទន្លេសាប

ភ្នំពេញ ៖ ទឹកប្រាក់​ប្រមាណ​៦៦០,០០០ ​ដុល្លារ​អាម៉េរិក ត្រូវបាន​ផ្តល់​តាមរយៈ​ អង្គការ​សហភាព អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ​នៅ​កម្ពុជា (IUCN) និង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សម្ព័ន្ធភាព ដើម្បី​ការអភិរក្ស​ធនធាន​ជលផល​ (FACT) សម្រាប់​អនុវត្ត​លើ​គម្រោង ការពង្រឹង​សមត្ថភាព សហគមន៍​ប្រជា​នេសាទ​នៅ​បឹង​ទន្លេសាប ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ ប្រកបដោយ​ចីរភាព​។  

The Khmer Daily Newspaper

ក្នុងចំណោម​ទឹកប្រាក់​ខាងលើ​នេះ​សហភាព​អឺរ៉ុប (EU) បាន​ផ្តល់​ចំនួន​៥០០,០០០​ដុល្លារ​អាម៉េរិក ស្មើនឹង​៧៥​ភាគរយ ហើយ នៅ​សល់​ពី​នេះ គឺ​ទទួលបាន​តាមរយៈ​កម្ម​វិធី​នៃ​ស្ថាប័ន ក្រៅ​រដ្ឋាភិបាល នឹងចូលរួម​ថវិកា​បដិភាគ​ពី​គម្រោង​វេទិកា​ទឹក​តំបន់​មេគង្គ ដែល​គាំទ្រ​ថវិកា​ដោយ​ក្រសួង​ការ បរទេស​ប្រទេស​ហ្វ្រាំង​ឡង់ និង​គម្រោង ប្រ៊ី​ជ ដែល​គាំទ្រ​ថវិកា​ដោយ​មូលនិធិ​សហប្រតិបត្តិការ ដើម្បី​ការអភិវឌ្ឍន៍​របស់​ប្រទេស​ស្វីស​។​

គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​ដោយ​អង្គការ​ IUCN ជាមួយ​និង​អង្គការ FACT ដែលមាន រយៈពេល​៤​ឆ្នាំ ដោយ​គិត​ចាប់ពី​ខែ​មករា ឆ្នាំ​២០១៣ រហូតដល់​ខែ​ធ្នូ ឆ្នាំ​២០១៦ លើ​កម្មវិធី បង្កើន​សមត្ថភាព​ដល់​សហគមន៍​នេសាទ​អំពី​ការចរចា​ពី​ការកំណត់​ព្រំប្រទល់ និង​កិច្ច​ការពារ តំបន់​អភិរក្ស​ជលផល រួម​និង​ការ​ចងក្រង​បណ្តាញ​ជាមួយ​សហគមន៍​ប្រជា​នេសាទ​ដទៃទៀត និង​ការដាក់បញ្ចូល​ការអភិរក្ស​ជលផល​ក្នុង​ផែនការ​ថវិកា​វិនិយោគ និង​ថវិកា​ឃុំ​។​

គម្រោង​នេះ ត្រូវបាន​ផ្សព្វផ្សាយ​បើក អនុវត្ត ដោយ​អង្គការ IUCN និង​អង្គការ FACT កាលពី​ថ្ងៃ​១៩ ខែ​សីហា ឆ្នាំ​២០១៣ នៅ​ខេត្ត​សៀមរាប ដែល​មាន​អ្នកចូលរួម ចំនួន​៥១​នាក់ មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា​៖ អង្គការ​ជាតិ និង​អន្តរជាតិ រដ្ឋបាល​ជលផល និង​សហគមន៍​នេសាទ​។​

លោក ជែក ប្រ៊ុយន័រ អ្នកសម្របសម្រួល​នៃ​អង្គការ ​IUCN​ បានឲ្យដឹងថា គម្រោង​នេះ មាន​គោលបំណង​ពង្រឹង​សមត្ថភាព​សហគម​ន៍​ប្រជា​នេសាទ​នៅ​ឃុំ​ចំនួន​បី​នៅ​តាម​បឹង​ទន្លេសាប រួមមាន​៖ ឃុំ​កំពង់​ភ្លុក ខេត្ត សៀមរាប ឃុំ​ពាម​បា​ង ខេត្ត​កំពង់ធំ និង ឃុំ​ផ្លូវ​ទូក ខេត្ត​កំពង់ឆ្នាំង តាមរយៈ​ការធ្វើ សមាហរណកម្ម​គ្រប់គ្រង​តំបន់​អភិរក្ស​ជល ផល​ដោយ​ផ្អែក​លើ​សហគមន៍​ប្រជា​នេសាទ ទៅក្នុង​ផែនការ​គ្រប់គ្រង​វិស័យ​ជលផល និង​ផែនការ​វិនិយោគ​ឃុំ​ប្រចាំឆ្នាំ​។​ការសិក្សា​ស្រាវជ្រាវ​ដោយ​រដ្ឋបាល​ជលផល និង​មជ្ឈមណ្ឌល​ត្រី​ពិភពលោក​បាន​បង្ហាញថា ក្នុងចំណោម​ទិន្នផល​ត្រី​ទឹកសាប និង​ផលិតផល​វា​រី​ជាតិ​ផ្សេងៗ​ទៀត​ក្នុង​នោះ​ភាគច្រើនបំផុត គឺ​បានមកពី​បឹង​ទន្លេសាប​ដែល​បាន​ផ្គត់ផ្គង់ ៧៦​ភាគរយ​នៃ​សារជាតិ​ប្រូតេអ៊ីន​ពី​សត្វ និង ៣៧​ភាគរយ​នៃ​សារជាតិ​ប្រូតេអីុន​សរុប​សម្រា​ប់ ប្រជាជន​កម្ពុជា​ជាង​១៤​លាន​នាក់​។​

ធនធាន​ជលផល​បឹង​ទន្លេសាប បាន​រួមចំណែក​លើក​ស្ទួយ​ជីវភាព​ប្រជាជន​ជាង ១​លាន​២​សែន​នាក់​។ នៅក្នុង​ឆ្នាំ​២០១២ វិស័យ​កសិកម្ម បាន​រួមចំណែក ដល់​ផល ទុន​ជាតិ​សរុប​(GDP)​ចំនួន​២៧.៥​ភាគរយ ក្នុង​ទិន្នផល​ជលផល​មាន​២៥.៤​ភាគរយ នៃ​វិស័យ​កសិកម្ម​។ ជា​មធ្យម​ទិន្នផល​ជលផល​ដែល​ប្រមូលបាន​ក្នុង​១​ឆ្នាំ​មាន​៦៩២០០០​តោន ហើយ​ចំនួន​៥០៩,០០០​តោន បានមក​ពី​ត្រី​ទឹកសាប​។​

លោក ច​ចស៍ ដឺ​ហ៊ូ​ក្ស មន្ត្រី​គម្រោង​របស់​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា បានឲ្យដឹង​ថា​ការគាំទ្រ​ដល់​សហគមន៍​នេសាទ និង​ការការពារ​តំបន់​អភិរក្ស​នៅ​បឹង​ទន្លេសាប គឺជា​កត្តា​អាទិភាព​មួយ​ដែល​អាច​រួមចំណែក​ធ្វើឲ្យ​សម្រេច​បាន​នូវ​ក្របខ័ណ្ឌ​ផែនការ យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ជលផល​ឆ្នាំ ២០១០-២០១៩ និង​គាំទ្រ​ដល់​អនុក្រឹត្យ​លេខ ៣៧​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាលពី​ខែ​មីនា ឆ្នាំ​២០១៣ ស្តីពី​ការ​លុប​ឡូត៍​នេសាទ​ជុំវិញ​បឹង​ទន្លេសាប​ទុក​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើការ នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​ជា​កន្លែង អភិរក្ស​ជលផល​។ លោក​បញ្ជាក់ថា «​តម្លៃ​ចម្បង​របស់​គម្រោង​នេះ​គឺ​ការចូលរួម​កិច្ចការ​អភិរក្ស​ធនធាន​ជលផល​ដែល​កើតចេញពី សហគមន៍​ដោយ​ផ្ទាល់​។ ខ្ញុំ​សង្ឃឹមថា គម្រោង​នេះ​នឹង​ជួយ​កសាង​ភាព​ជា​ដៃគូ​រវាង​សហគមន៍​មូលដ្ឋាន អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋាភិបាល​ដែល​មាន​ទិសដៅ​រួមគ្នា​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ​សម្រាប់​ប្រទេសជាតិ​»​។​

កាលពី​ខែ​សីហា ឆ្នាំ​២០១១ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានប្រកាស​ផ្អាក​បណ្តោះអាសន្ន ក្នុងការ​ដំណើរការ​ឡូត៍​ឯកជន​នៅ​បឹង​ទន្លេសាប​។ បន្ទាប់ មក​នៅ​ខែ​មីនា ឆ្នាំ​២០១៣ ក៏​ចេញ​អនុក្រឹត្យ លេខ​៣៧ ស្តីពី​ការ​លុប​ឡូត៍​នេសាទ​ជុំវិញ​បឹង​ទន្លេសាប ក្នុង​ខេត្ត​បាត់ដំបង បន្ទាយ មានជ័យ សៀមរាប ពោធិសាត់ កំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ ទុក​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​ជា កន្លែង​អភិរក្ស​ជលផល​។​

លោក គង់ គីម​ស្រេង មន្ត្រីជាន់ខ្ពស់​នៃ​កម្មវិធី​នៃ​អង្គការ​IUCN​បានឲ្យដឹង​ថា​ប្រជា​នេសា​ទ​អាច​រក​ត្រី​បាន​ច្រើន​ជាង​មុន​ពី​ព្រោះ​ពួកគាត់​ត្រូវបាន​អនុញ្ញាត​ឲ្យ​រកត្រី ដោយ​គ្មាន​កំណត់​បរិវេណ​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ក៏​មាន​មជ្ឈដ្ឋាន​មួយចំនួន​បាន​សម្តែង​នូវ​ក្តីព្រួយបារម្ភ​ពី​ការគំរាមកំហែង​លើ​ធនធាន​ជលផល​ដែល​កើតចេញ​ពី​ការនេសាទ ខុសច្បាប់​ហើយ​អាច​បង្ក​ជា​សោកនាដកម្ម​ដល់​ធនធាន​បឹង​ទន្លេសាប​។ លោក បានបញ្ជាក់​ថា «​ខណៈ​ដែល​ប្រជា​នេសាទ​មូលដ្ឋាន​ទទួលបាន​អត្ថប្រយោជន៍​ក្នុង​ការនេសាទ​ដោយ​គ្មាន​កំណត់​បរិមាណ​ក៏​មាន​ហានិភ័យ​ដែល​កើតចេញ​ពី​ការនេសាទ​ដោយ​មិន​មាន​និរន្តរភាព ហើយ​អាច​បង្ក ជា​សោកនាដកម្ម​ដល់​ធនធាន​បឹង​។ ដូច្នេះ​ការអនុវត្ត​គម្រោង​ស្តីពី​ការពង្រឹង​សមត្ថភាព​ស​ហគ​មន៍​ប្រជា​នេសាទ​នៅ​បឹង​ទន្លេសាប នឹង​បង្កើន​សមត្ថភាព​ដល់​ស​ហគ​មន៍​នេសាទ​ក្នុង​ការគ្រប់គ្រង​ការពារ​ធម្មជាតិ និង តំបន់​អភិរក្ស​ជលផល​»​។​

គម្រោង​ការពង្រឹង​សមត្ថភាព​សហគមន៍​ប្រជា​នេសាទ​នៅ​បឹង​ទន្លេសាប ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព ត្រូវបាន​បង្កើតឡើង ដើម្បី​ជួយ​កសាង សមត្ថភាព​សហគមន៍​នេសាទ ពង្រឹង​ភាពជា​ម្ចាស់​នៃ​ធនធាន​ដែល​មាន​ក្នុង​សហគមន៍ លើកកម្ពស់ ការការពារ សំដៅ​គ្រប់គ្រង ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​។​

លោក ពេជ្រ សេរី​វឌ្ឍន៍ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​នេសាទ​នៃ​រដ្ឋបាល​ជលបាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​គម្រោង​នេះ ពីព្រោះ​គម្រោង​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ​ភាពជា​ម្ចាស់ និង​ស្វ័យភាព​របស់​ប្រជា​នេសាទ​ក្នុង​ការគ្រប់គ្រង​ធនធាន​ជលផល​ដែល​ពួកគាត់​អាស្រ័យ​ផល​។ លោក​មានប្រសាសន៍ថា ការអភិវឌ្ឍន៍​សហគម​ន៍​នេសាទ​គឺ​ជា​គោល ដៅ​ចម្បង​មួយ​របស់​រាជរដ្ឋាភិបាល ដើម្បី ធ្វើយ៉ាងណា​ឲ្យ​ប្រជា​នេសាទ​នៅ​បឹង​ទន្លេសាប មាន​ជីវភាព​ធូរធារ​ហើយ​មាន​សិទ្ធិ អំណាច​ខ្លាំងក្លា​ក្នុង​ការគ្រប់គ្រង​ប្រើប្រាស់​ធនធាន​ធម្មជាតិ​។​

«​តាមរយៈ​គម្រោង​នេះ នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​សម្បើម​ដល់​សហគមន៍ ហើយ​ក៏​នឹង​ក្លាយទៅជា​គំរូ​ម៉ូឌែល​មួយ​សម្រាប់​សហគមន៍​នេសាទ​ផ្សេងៗ​ទៀត​នៅ​ខេត្ត ជុំវិញ​បឹង​ទន្លេសាប ក៏​ដូចជា​ខេត្ត​ដទៃទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​»៕ 

Go to top