កម្ពុជាមានស្មៅសមុទ្រសរុប ៣៣.៨១៤ ហិកតា ធំជាងគេបំផុតក្នុងតំបន់អាស៊ី អាគ្នេយ៍

 យោងតាម ការសិក្សារបស់កម្មវិធីបរិស្ថានសហប្រជាជាតិឆ្នាំ២០០៧ ប្រទេសកម្ពុជា មានស្មៅសមុទ្រសរុប ៣៣.៨១៤ ហិចតា។

CNC

 តាមអ្នកជំនាញសៅ្មសមុទ្រ គឺជាប្រភេទរុក្ខជាតិ ដែលមានផ្កា ឫស ដើម និងគ្រាប់
ហើយដុះនៅក្នុងសមុទ្រ និងមានអត្ថប្រយោជន៍ជាសកលនៅក្នុងប្រព័ន្ធជីវចម្រុះ។

លោក លូ វន្នី មន្រ្តីកម្មវិធីនៃអង្គការ IUCN បានឲ្យដឹងថា ស្មៅសមុទ្រមានសមត្ថភាពស្រូបយក
និងផ្ទុកជាតិកាបូន ច្រើនជាងព្រៃកោងកាង និងព្រៃស្រោងទៅទៀត។ បន្ថែមពីនោះស្មៅសមុទ្រ
មានសារប្រយោជន៍សម្រាប់ កនែ្លងលូតលាស់ និងរកចំណីរបស់សត្វទឹក កាត់បន្ថយកម្លាំងទឹករលក
និងចរន្តទឹកហូរ ជួយច្រោះយកកម្ទេចកំណដែលអណ្តែតវិលវល់ក្នុងទឹក និងរក្សាស្ថិរភាពកម្ទេចកំណ
នៅបាតទឹកធ្វើឲ្យទឹកថ្លាព្រមទាំងជាអាងផ្ទុកសារធាតុចិញ្ចឹម ជាកនែ្លងត្រីពងកូន និងជាជម្រក
ធម្មជាតិ ជាពិសេស ជ្រូកទឹក។

ការសិក្សារបស់កម្មវិធីបរិស្ថានសហប្រជាជាតិ បានបង្ហាញថា ស្មៅសមុទ្រក្នុងមួយហិកតា
មានតម្លៃសេដ្ឋកិច្ចស្មើនឹង ១.១៨៦ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ដូចនេះតម្លៃសេដ្ឋកិច្ចសរុបប្រចាំឆ្នាំ
នៃស្មៅសមុទ្រនៅប្រទេសកម្ពុជា មានប្រហែល ៤០លានដុល្លារអាមេរិក។

លោក លូ វន្នី បានបញ្ជាក់ថា ប្រទេសកម្ពុជា មានស្មៅសមុទ្រសរុប ៣៣.៨១៤ ហិកតា
ក្នុងនោះខេត្តកំពតមានទំហំស្មៅសមុទ្ររហូតដល់ ២៥.២៤០ ហិចតា ដែលត្រូវបានគេវាយតម្លៃថា
ជាតំបន់ដែលមានផ្ទៃដីគ្របដណ្តប់ដោយស្មៅសមុទ្រធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។

នាពេលបច្ចុប្បន្ននេះ ស្មៅសមុទ្រនៅក្នុងប្រទេសកម្ពុជា តែកំពុងទទួលរងនូវការគំរាមកំហែង
ដោយសារកត្តាមួយចំនួនដូចជា ការអូសអួនដល់បាតដី ដែលធ្វើឲ្យប៉ះពាល់ដល់ស្មៅសមុទ្រ
ការចាក់ដីបំពេញតំបន់ ដែលមានស្មៅសមុទ្រ ការបញ្ចេញនូវសារធាតុពុលពីរោងចក្រ
ការកាប់បំផ្លាញព្រៃកោងកាង រួមនិងបម្រែបម្រួលអាកាសធាតុ។

ប៉ុន្តែទោះជាយ៉ាងណាក្តី យោងតាមមន្រ្តីជាន់ខ្ពស់នៃកម្មវិធីនៃអង្គការ IUCN ស្ថានភាពស្មៅសមុទ្រ
នៅក្នុងប្រទេសនៅមានលក្ខណៈល្អប្រសើរនៅឡើយទេ បើទោះបីជួបប្រទះនូវកត្តា
គំរាមកំហែងទាំងអស់នោះក្តី។

នាដើមខែឧសភា ឆ្នាំ២០១៣ នេះ សិក្ខាសាលាបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្ត និងបច្ចេកទេស
ចុះសិក្សាស្មៅសមុទ្រ ត្រូវបានធ្វើឡើងដល់មន្រ្តី នៅថ្នាក់ក្រោមជាតិ និងតំណាងសហគមន៍
មូលដ្ឋានពាក់ព័ន្ធ ក្នុងខេត្តកំពត ដើម្បីធ្វើបច្ចុប្បន្នភាពទំហំស្មៅសមុទ្រក្នុងខេត្តកំពត
និងដើម្បីឈានទៅដល់ការកំណត់តំបន់ប្រើប្រាស់ដីតំបន់ឆ្នេរ និងសមុទ្រ ក្នុងខេត្តកំពត
ក្នុងគោលបំណងធានាឲ្យមានការអភិវឌ្ឍ និងការប្រើប្រាស់ ធនធានតំបន់ឆ្នេរ
និងសមុទ្រឲ្យមាននិរន្តរភាព៕

អត្ថបទៈ ឈុំ ឆវ័ន្ត

Cambodian News Channel

Source: http://cnc.com.kh/ldetail.php?type=entertainment&id=243

Go to top