ទឹកប្រាក់ជាង១០លានដុល្លារសម្រាប់គម្រោង ការពារតំបន់ជីវៈចម្រុះឥណ្ឌូ-ភូមា

ភ្នំពេញ ៖ អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) និងមូលនិធិភាពជាដៃគូសម្រាប់ប្រព័ន្ធអេកូឡូស៊ី ដែលរងការ គំរាមកំហែង (CEPF) បានចាប់ផ្តើមគម្រោងវិនិយោគរយៈពេល៥ឆ្នាំដែលមានទឹកប្រាក់ចំនួន១០.៤ លានដុល្លារអាម៉េរិកលើការអភិរក្សធនធានជីវៈចម្រុះដែលមាន សារៈសំខាន់ជាសាកលនៅតំបន់ឥណ្ឌូភូមា។ 

The Khmer Daily Newspaper

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ IUCN ដែលបានផ្ញើមកកាន់សារព័ត៌មានខ្មែរដេលី កាលពីម្សិលមិញបានឲ្យដឹងថា តំបន់ឥណ្ឌូ ភូមាត្រូវបានចាត់ចំណាត់ថ្នាក់ជាតំបន់មួយក្នុងចំណោមតំបន់ហត ស្ពត (Hotspots) ជីវចម្រុះទាំង១០ លើពិភពលោកដែល សម្បូរទៅដោយជីវៈចម្រុះ និងទទួលរងការគំរាមកំហែងខ្លាំងបំផុត។ តំបន់ហតស្ពតឥណ្ឌូភូមា រួមមានតំបន់ដែលមិនជាប់នឹងសមុទ្រនៃ ប្រទេសកម្ពុជាសាធារណរដ្ឋ ប្រជាមានិតឡាវ មីយ៉ាន់ម៉ា(ភូមា) ថៃឡង់ដ៍ និងវៀតណាមរួមទាំងភាគខាងត្បូងនៃប្រទេស ចិន។ ដោយសម្បូរទៅដោយរុក្ខជាតិសត្វព្រៃ និងជាជម្រកនៃធម្មជាតិ ដែលនៅសេសសល់តិចតួចតំបន់ឥណ្ឌូភូមាគឺជា លំនៅស្ថានដែលមានមនុស្សរស់នៅច្រើនជាងតំបន់ហតស្ពតដទៃ ទៀតហើយ កត្តានេះបានធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីធម្មជាតិដែលនៅសេសសល់តិចតួច នេះទទួលរងនូវសំពាធកាន់ តែខ្លាំងឡើងដោយសារការដកហូតធនធានធម្មជាតិ ហួសកំណត់ និងការបាត់បង់ទីជម្រកនៃធនធានទាំងនោះ។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា នេះគឺជាដំណាក់កាលទី២ហើយដែល មូលនិធិ CEPF បានគាំទ្រដល់ តំបន់ឥណ្ឌូ- ភូមាដោយមានអង្គការ IUCN ជាអ្នកគ្រប់គ្រងមូលនិធិក្នុងដំណាក់កាលទី២នេះ។ ការផ្តល់ជំនួយ តាមរយៈ  មូលនិធិនេះមានពីរប្រភេទគឺជំនួយខ្នាតតូច និងខ្នាតធំដែលនឹងត្រូវផ្តល់ជូនដល់បណ្តាអង្គការសង្គមស៊ីវិល ដែលរួមមានអង្គការក្រៅរដ្ឋាភិបាល និងឯកជន ដើម្បីអនុវត្តគម្រោងដែលនឹងធ្វើការលើការងារអភិរក្សជីវៈចម្រុះ។

លោកបណ្ឌិត ស្កត់ ពែឃីន (Dr. Scott Perkin) ប្រធានកម្មវិធីអភិរក្សជីវៈចម្រុះនៃអង្គការ IUCNតំបន់អាស៊ី និងជាប្រធានគ្រប់គ្រងមូលនិធិ CEPF នៅតំបន់ឥណ្ឌូភូមា ដើម្បីការអភិរក្សជីវៈចម្រុះហតស្ពតបានមាន ប្រសាសន៍ថា ជំនួយ CEPF នៅតំបន់ឥណ្ឌូ-ភូមាផ្តល់ឱកាសដ៏អស្ចារ្យដល់អង្គការសង្គម ស៊ីវិលដែលធ្វើការលើកិច្ចការអភិរក្សនៅ តំបន់ហតស្ពតជីវៈចម្រុះដែល រងការគំរាមកំហែងខ្លាំងបំផុតនៅលើពិភពលោក។ លោកបញ្ជាក់ថា «អង្គការ IUCN មានភាពសប្បាយរីករាយយ៉ាងក្រៃលែងក្នុងការដឹកនាំកិច្ចផ្តួចផ្តើមនេះ ហើយយើងនឹងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូ ទូទាំងតំបន់ដើម្បី ធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដមួយក្នុងការងារអភិរក្ស»។

កាលពីដំណាក់កាលទី១នៃមូលនិធិ CEPF នៅឥណ្ឌូភូមាមានអង្គការសង្គម ស៊ីវិល ជាង៦០ ក្រុមបានចូលរួមក្នុង គម្រោងអភិរក្សដែលជួយពង្រឹងកិច្ចការពារជម្រក ធម្មជាតិជាង២លានហិកតា និងបានលើកកម្ពស់ដល់ជីវភាព របស់សហគមន៍ជាង១០០។

ដើម្បីបន្តនូវភាពជោគជ័យនេះការវិនិយោគ ដំណាក់កាលទី២ នៃមូលនិធិ CEPF នេះនឹងបំពេញនូវភាពចន្លោះ ដែលជា តម្រូវការរវាង ការអភិរក្ស និងការអភិវឌ្ឍបង្កើនកិច្ចការពារ និងគ្រប់គ្រងតំបន់ព្រមទាំងប្រភេទធម្មជាតិ អាទិភាព និងកសាងសមត្ថភាពការអភិរក្សតាមសហគមន៍ ក្នុងតំបន់។

លោក ជែក ធ័រដូហ្វ(Jack Tordoff) នាយកជំនួយមូលនិធិ CEPF ឲ្យដឹងថា ការវិនិយោគដំណាក់កាលទី១ បានកសាងមូលនិធិដ៏រឹងមាំទាក់ទងនឹងការបង្កើតជាគំរូប្រកបដោយ ភាពជោគជ័យលើការអភិរក្សថ្នាក់មូលដ្ឋាន និងការកសាងភាពជាដៃគូដ៏រឹងមាំក្នុងការអភិរក្ស។ លោកមានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថាដំណាក់កាលទី២នេះ នឹងបន្ពពង្រឹងភាពជោគជ័យដែលមាន កាលពីដំណាក់កាលទី១សម្រាប់ការអភិរក្ស និងធ្វើឲ្យមានការចូលរួមពីដៃ គូសង្គមស៊ីវិលកាន់តែច្រើនឡើង»។

សូមបញ្ជាក់ថា កាលបរិច្ឆេទផុតកំណត់សម្រាប់សំណើសុំជំនួយលើការអភិរក្សធនធាន ជីវៈចម្រុះ គឺនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៥:៣០ល្ងាចម៉ោងនៅភ្នំពេញ។ រាល់សំណើត្រូវបានសូមស្វាគមន៍ចំពោះអ្នកដាក់ សំណើសុំជំនួយសម្រាប់ គម្រោងអភិរក្ស ជីវៈចម្រុះដែលជាអង្គការក្រៅរដ្ឋាភិបាលក្រុមសហគមន៍ក្រុមហ៊ុនឯកជន រួមទាំងសារព័ត៌មាននៅតំបន់ហតស្ពត ឥណ្ឌូភូមា៕

អត្ថបទ៖​​ លោក មណីរ័ត្ន, The Khmer Daily Newspaper

ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ​២០១៣

ប្រភពដើមនៃព័ត៌មាន 

 

Go to top